Friday, February 8, 2013


ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានលឺឪពុកម្តាយរបស់គេនិយាយគ្នាពីស្ថានភាពជំងឺរបស់ប្អូនគេ និងពីទុក្ខកង្វល់ដែលឪពុកម្តាយរបស់គ្មានប្រាក់សំរាប់ព្យាបាល ប្អូនគេអោយបានជាសះស្បើយ។ ក្មេងស្រីនោះបានស្តាប់លឺសំដីចុងក្រោយរបស់ឪពុកថា មានតែអព្ភូតហេតុទេទើបអាចជួយប្អូនគេបាន។ រំពេចនោះ ក្មេងស្រីនោះបានរត់ចូលបន្ទប់ រួចយកលុយដែលសន្សំទុក រត់សំដៅទៅផ្សារ ហើយចូលទៅក្នុងហាងលក់ថ្នាំមួយ។  ក្មេងនោះបានយកលុយ១ដុល្លា១១សេនដាក់លើតុថៅកែថ្នាំនោះ។
-តើឯងត្រូវការអ្វី? ថៅកែនោះបានសួរ។
-ខ្ញុំគឺមកទិញថ្នាំអោយប្អូនខ្ញុំ។ ជំងឺគេធ្ងន់ធ្ងរណាស់ ខ្ញុំចង់ទិញអព្ភូតហេតុដើម្បីទៅព្យាបាលប្អូនខ្ញុំ។
-ឯងនិយាយពីអី? ថៅកែនោះសួរដោយងឿនឆ្ងល់។
-ក្នុងក្បាលរបស់វាបានដុះនូវអ្វីម្យ៉ាង លោកប៉ាថាមានតែអព្ភូតហេតុទេទើបជួយប្អូនខ្ញុំបាន។ តើអព្ភូតហេតុមួយតំលៃប៉ុន្មាន?
-សុំទោសក្មួយស្រី អ៊ុំអត់មានលក់អព្ភូតហេតុទេ។ សំដីថៅកែនោះបានធ្វើអោយក្មេងស្រីនោះបាត់បង់ស្នាមញញឹម។
-លោកអ៊ុំ ខ្ញុំមានលុយ បើលុយនេះមិនគ្រប់ទេ ខ្ញុំនឹងទៅរកបន្ថែមទៀត អោយតែលោកអ៊ុំប្រាប់ខ្ញុំថា វាមានតំលៃប៉ុន្មាន?
ក្នុងហាងនោះមានលោកអ៊ុំម្នាក់ទៀត ដែលជាអតិថិជន ឃើញក្មេងស្រីនោះ ក៍សួរ៖
-តើប្អូនប្រុសរបស់ក្មួយស្រីត្រូវការអព្ភូតហេតុបែបណា?
-ខ្ញុំមិនដឹងទេ ។ នាងងើបក្បាលឡើង រួចជូតទឹកភ្នែក។
-ខ្ញុំគ្រាន់តែដឹងថា វាមានជំងឺធ្ងន់ធ្ងរ ម៉ាក់និយាយថាវាត្រូវការទទួលការវះកាត់ តែប៉ាគ្មានប្រាក់គ្រប់គ្រាន់ទេ ដូច្នេះហើយទើបខ្ញុំប្រមូលលុយមកទិញអព្ភូតហេតុ។
-តើក្មួយមានប្រាក់ប៉ុន្មាន?
-១ដុល្លា១១សេន បើមិនគ្រប់ខ្ញុំនឹងរកមធ្យោបាយរកបន្ថែមទៀត។ សំលេងក្មេងស្រីនោះ តិចៗស្ទើរតែស្តាប់មិនលឺ។
-គាប់ជួនម្លេះក្មួយស្រី អព្ភូតហេតុមានតំលៃត្រឹមតែ១ដុល្លា១១សេនទេ។
លោកអ៊ុំនោះបានទទួលប្រាក់នោះ រួចអោយក្មេងស្រីនោះនាំទៅផ្ទះមើលប្អូនគេ ហើយជួបឪពុកម្តាយក្មេងស្រីនោះ ដើម្បីមើលតើ ប្អូនប្រុសនោះត្រូវការអព្ភូតហេតុបែបណា?
តាមពិតទៅលោកអ៊ុំនោះ គឺជាគ្រូពេទ្យវះកាត់ដ៍ល្បី គាត់បានជួយប្អូនប្រុសក្មេងស្រីនោះ ដោយយកត្រឹមតែ១ដុល្លា១១សេន។ ការវះកាត់ត្រូវបានបញ្ចប់ ប្អូនប្រុសក្មេងស្រីនោះក៍បានជាសះស្បើយ។
-នេះពិតជាអព្ភូតហេតុមែន? តើវាតំលៃប៉ុន្មាន? ម្តាយក្មេងស្រីនោះបានសួរខ្សឹបៗទៅក្មេងស្រីនោះ។
-ការពិតវាមានតំលៃតែ១ដុល្លា១១សេន ហើយបូកថែមទាំងជំនឿចិត្តដ៍រឹងមាំរបស់ក្មេងស្រីម្នាក់៕
រឿងនេះកែសំរួលពីភាសាចិន!

ដោយ៖​ khmerpanda

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.