Saturday, September 21, 2013


ការ​មាន​ឱកាស បាន​ធ្វើ​ការងារ​ពី​ផ្ទះ ឬ ត្រូវបាន​គេ​ហៅ​ម្យ៉ាងទៀត​ថា ការងារ​តាម​ប្រព័ន្ធ​អន​ឡា​ញ គឺ​ពិតជា​ផ្តល់​អោយ​អ្នក​នូវ ទាំង​គុណសម្បត្តិ និង គុណវិបត្តិ ក្នុងពេល​តំណាលគ្នា ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក ចេះ​កាត់បន្ថយ​ភាពអវិជ្ជមាន​របស់​វា នោះ​អ្នកនឹង​ទទួលបាន​នូវ អត្ថប្រយោជន៍ ជាច្រើន​ពី​ការងារ​មួយ​នេះ ។ 

​ខាងក្រោម​នេះ គឺជា​សារៈប្រយោជន៍​នៃ​ការងារ ដែល​អ្នក​បំពេញ​បាន​នៅផ្ទះ ៖


១. អ្នក​អាច​សន្សំសំចៃ និង កាត់បន្ថយ​ការចំណាយ​របស់​អ្នក​

​នៅពេល​ដែល​អ្នក ត្រូវ​ចេញ​ទៅ​ធ្វើការ​ខាងក្រៅ​ផ្ទះ ឬ ទៅកាន់​ការិយាល័យ​ការងារ​ណាមួយ នោះ​អ្នក​ត្រូវ​ចំណាយលុយ និង ពេលវេលា​នៅ​ក្នុង​ការធ្វើដំណើរ​។ ជាមួយនឹង​ការធ្វើការងារ តាម​ប្រព័ន្ធ​អន​ឡាញ នោះ​អ្នកនឹង អាច​ជួយ​សន្សំ និង កាត់បន្ថយ​នូវ​ការចំណាយ​ទាំងនេះ ព្រមទាំង​រក្សាបាន​នូវ សុវត្ថិភាព ផ្ទាល់​ខ្លួន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុន​នោះ អ្នក​ក៏​មិនចាំបាច់​ចំណាយ​លើ អាហារ​នៅ​ខាងក្រៅ​ផ្ទះ​នោះដែរ​។​

២. អ្នក​អាច​ធ្វើការ​នៅ​ទីកន្លែង​ណា​ក៏​បាន​
​នៅពេល ដែល​អ្នក​ត្រូវ​បំពេញ​ការងារ​អន​ឡា​ញ នោះ​អ្នក​អាច​ជ្រើសរើស បាន​រាល់​ទីកន្លែង​ណា ក៏បាន ដែល​អ្នក​គិតថា វា​ផ្តល់​អោយ​អ្នក​នូវ​ភាពស្ងប់ស្ងាត់ មាន​អារម្មណ៍​ធូរស្រាល និង មាន​សេរីភាព តាម​ដែល​អ្នក​ចង់​បាន​។​

៣. អ្នក​មិន​ចាំបាច់​ស្លៀកពាក់​តាម​ឯកសណ្ឋាន​ការងារ​
​អ្នក​ប្រាកដជា មិនចាំបាច់​ចំណាយ លើ​ការ​កាត់​សំលៀក​បំពាក់ ជា​ផ្លូវការ សម្រាប់​តំណែង​ការងារ​មួយចំនួន ដែល​សាក​សម​ទៅ​នឹង​ការិយាល័យ​ក្រុមហ៊ុន​។ អ្នក​អាច ស្លៀកពាក់​អ្វី​ក៏បាន តាម​អ្វី​ដែល​អ្នក​ចង់ និង ចូលចិត្ត​។ ចំណុច​នេះ ក៏​នឹង​ជួយ​សន្សំសំចៃ ក្នុង​ការចំណាយ​របស់​អ្នក បាន​មួយកម្រិត​ដែរ ។​

៤. រក្សាបាន​នូវ​តុល្យភាព រវាង​ស្ថានភាព​ក្រុមគ្រួសារ និង ការងារ​
​ស្ត្រី​ដែល ត្រូវ​បម្រើ​ការងារ​នៅក្នុង​ការិយាល័យ នឹង​មាន​ការ​ប្រឈម នឹង​បញ្ហា​មួយចំនួន ទាក់ទង​នឹង​ការ រក្សា​តុល្យភាព រវាង​ការងារ និង ការថែទាំ​ក្រុមគ្រួសារ​។ ប៉ុន្តែ​សម្រាប់​ស្ត្រី ដែល​ធ្វើការ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ នឹង​អាច​ចំណាយពេល បាន​ប្រសើរ ក្នុង​ការបំពេញ​ការងា​រ​ក្នុងផ្ទះ និង ផ្តល់​នូវ​ការយកចិត្ត ទុកដាក់​បាន ជាពិសេស​ចំពោះ​កូនៗ របស់​ពួកគេ​។ 

៥. មិនសូវ​ប្រឈម​នឹង​បញ្ហា​ស្ត្រេ​ស ឬ សម្ពាធ​ការងារ​
​នៅពេល​ដែល​អ្នក អាច​ធ្វើការ​នៅផ្ទះ នោះ​អ្នក​មិនចាំបាច់ ចំណាយ​ពេលវេលា រួសរាន់​ក្នុង​ការធ្វើការ​ដំណើរ មកកាន់​ការិយាល័យ អោយ​ទាន់​ពេល​នោះ​ទេ​។ អ្នក​អាច​ធ្វើ​ការគ្រប់គ្រង​នូវ ម៉ោង​ធ្វើការ​បាន​ដោយ​ខ្លួនឯង ។ អ្នក​អាច​រក្សា​លំនឹង ស្ថានភាព​នៃ​ជីវិត​ការងារ និង ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​។ កត្តា​ទាំង​នេះ នឹង​អាច​កាត់បន្ថយ​កម្រិត​ស្ត្រេ​ស​នៃ​ការងារ នេះ​ក៏​ដោយសារ​តែ​មជ្ឈដ្ឋាន​ការងារ របស់​អ្នកមាន​ផាសុខភាព និង សេរីភាព​គ្រប់គ្រាន់ ដោយ​អ្នក មិនចាំបាច់​រង​សម្ពាធ ពី​មិត្ត​រួម​ការងារ​ណា​ម្នាក់​ឡើយ ។​

៦. អ្នក​អាច​រំពឹង​ទុក​នូវ​លទ្ធ​ផល​ការងារ​ដ៏​ល្អ​មួយ​
​នៅពេល​ដែល​កត្តា ដែល​បណ្តាល​អោយ​អ្នក​មាន​ស្ត្រេ​ស និង សម្ពាធ​ការងារ ត្រូវបាន​កាត់បន្ថយ ឬ លុបបំបាត់ នោះ​អ្នកនឹង​អាច ផ្តោតអារម្មណ៍​បាន​យ៉ាង​ល្អ ទៅលើ​ការងារ​របស់​អ្នក​។ ហេតុដូចនេះ​អ្នកនឹង​ទទួលបាន​នូវ សម្មិត​ទ្ធិ​ផល​ការងារ​ដ៏​ល្អ​មួយ ជាក់​ជា​មិនខានឡើយ ៕


By: Rika
Your Visit is Your Help

Reference: health.com.kh

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.