Shock Reading : គេគឺខ្ញុំ ខ្ញុំគឺគេ !
on
អរគុណអ្នកម្តាយដែលបានបង្កើតខ្ញុំមកអោយឃើញពិភពលោកមួយដែលស្រស់បំព្រង ឆើតឆាយដោយសម្រស់ធម្មជាតិ។ កុមារភាពគឺជារឿងដែលខ្ញុំមិនអាចបំភ្លេចបាន ហើយក៍ជាពេលសប្បាយជាងពេលណាៗទាំងអស់ក្នុងជិវិតខ្ញុំ។ ផ្លូវជិតកាន់តែដើរ កាន់តែហត់នឿយ កាន់តែយល់ថាឯការ កាន់តែយល់ថាលំបាក សំលឹងទៅមុខទាំងគ្មានកោះត្រើយ។ អនាគតជារឿងមើលមិនឃើញ បានត្រឹមដាក់ប្រស្នាដល់មនុស្ស ធ្វើអោយមនុស្សខិតខំស្វែងរកចំលើយ និងជាអ្នកកំណត់ចំលើយដោយខ្លួនឯង។ សំលេងសើចក្អាកក្អាយ បានត្រឹមជាទិដ្ឋភាពមួយបន្លំនូវទិដ្ឋភាពដ៍សែនឈឺចាប់ក្នុងទ្រូង ដែលមិនអាចពណ៌នាបាន ព្រោះវាបានកប់ជ្រៅក្នុងចិត្ត ដែលលំបាកនឹងជីកគាស់កកាយចេញមក។ វាបានត្រឹមតែធ្វើអោយមនុស្សប្រុសម្នាក់ យល់ថាតឹងទ្រូង ចង់ស្រែក ចង់ស្លាប់ ចង់រត់ទៅអោយឆ្ងាយ ហើយស្រែករហូតដល់ស្លាប់ ស្រែករហូតយល់ថាខ្លួនលែងមានទុក្ខព្រួយ ហើយរស់នៅពិភពនោះតែម្នាក់ឯង ដោយមិនចង់ខ្វល់ពីអ្នកណា និងបញ្ហាទាំងឡាយក្នុងជីវិត។ ជីវិតគេប្រៀបបាននឹងកំណាត់ឈើ អណ្តែតគ្មានថ្ងៃសំចត និងគ្មានគោលដៅ។ គេតែងជាមនុស្សបែបផែនឬស្សី ដែលដុះមែកច្រូងច្រាង ប្រៀបបាននឹងមានបញ្ហាមិនចេះចប់។ ក្នុងគ្រួសារ គេបានត្រឹមជាកូនល្អ ជាកូនម្នាក់ដែលគ្មានទុក្ខព្រួយ ប្រើស្បែកមុខក្លែងក្លាយបន្លំភាពពិត ស្នាមញញឹមបន្លំទុក្ខា ក្នុងគោលបំនងមួយ ចង់អោយមនុស្សក្នុងគ្រួសារ សប្បាយចិត្ត កុំអោយអ្នកក្នុងគ្រួសារខ្វល់ពីខ្លួន ព្រោះខ្លួនយល់ថា មិនគួរថែមបន្ទុកមួយទៀតដល់អ្នកមានគុណទាំងទ្វេនោះទេ គួរធ្វើជាសសរមួយដែលទ្រផ្ទះទាំងថ្ងៃទាំងយប់ មិនថាភ្លៀង រឺខ្យល់បក់យ៉ាងណា ត្រូវប្រឹងឈរទប់ទល់ផ្ទះមួយដែលនៅឋិតឋេរ ជាម្លប់ដល់គ្រួសារទាំងមូល។ គេគ្រាន់តែចង់បានគ្រួសារសមញ្ញមួយប៉ុណ្ណោះ មួយថ្ងៃៗនៅជុំគ្នា ញ៉ាំអាហារជុំគ្នា សើចសប្បាយជុំគ្នា ដើរកំសាន្តជាមួយគ្នា តែនេះគ្រាន់តែជាសុបិនពេលគេងដែលគេតែងស្រមៃចង់បានប៉ុណ្ណោះ។ គេពិតជាចង់បានបងប្រុសម្នាក់ដែលគេងជាមួយគ្នា ជជែកគ្នា ប្រលែងគ្នា ផ្លាស់ប្តូរយោបល់គ្នា ចែករំលែកនូវបញ្ហា គ្រួសារ ស្នេហា មិត្តភក្តិ និងការសិក្សា។ តែអ្វីដែលទទួលបាន បានត្រឹមនិយាយជាវត្ថុគ្មានវិញ្ញាណទៅវិញ។ នៅសាលារៀន គេគ្រាន់តែចង់បំពេញភារកិច្ច ដើម្បីកុំអោយមាតាបិតាពិបាកចិត្តតែប៉ុណ្ណោះ ព្រោះគេរើសមុខវិជ្ជាមួយទាំងគេមិនដឹងថាខុសរឺត្រូវ ទាំងមិនដឹងខ្លួនគេចូលចិត្តរឺអត់ ព្រោះសូម្បីតែខ្លួនគេជាអ្នកណា ក៍គេស្គាល់មិនច្បាស់ដែរ។ តើរៀនវាដើម្បីអ្វី? សំនួរជាច្រើនតែងលិចចេញនៅក្នុងខួរក្បាលមួយដែលពោរពេញដោយបញ្ហាមិនចេះចប់។ ពាក់កណ្តាល់យប់ ងើបឡើង តែងសួរខ្លួនឯងថាតើខ្លួនរស់នៅដើម្បីអ្វី? តើខ្លួនជាអ្នកណា? តើខ្លួនកំពុងតែយល់សប្តិរឺ? ពេលសួរខ្លួនឯងហើយ រួចក៍បិទភ្នែករហូតដល់មេឃភ្លឺ ទាំងមិនដឹងចំលើយ។ ណ្ហើយៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ! និយាយអោយត្រង់ទៅ គេគឺជាខ្ញុំ។ បើអាចរើស សុំកុំកើតលើពិភពលោកនេះអី! ពិភពលោកដែលពោរពេញដោយការច្រណែន ការឈ្នានីស ការចង់ឈ្នះ ហើយយកលុយជាចៅហ្វាយនេះ តើខ្ញុំគួរតែរស់នៅដើម្បីវាដែរមែនទេ? ខ្ញុំស្អប់ខ្លួនឯងណាស់។ នេះគ្រាន់តែជាចំនែកតូចមួយនូវកង្វល់ដែលមានក្នុងចិត្តខ្ញុំ សុំទោសដែលអោយអ្នកទាំងអស់គ្នាអានហើយមានអារម្មណ៍មិនល្អជាមួយនឹងខ្ញុំ! សុំទោសៗៗៗៗៗ!
ដោយ៖ khmerpanda
0 comments:
Post a Comment