Tuesday, December 17, 2013


ទុក​មួយ​ស្នៀត​ការពារ​ខ្លួន​ជាពាក្យ​ទំនៀម​​មួយ​ដែល​ស្ថិត​នៅ​ក្នុង​សន្តាន​ ចិត្ត​ខ្មែរ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ ពាក្យ​ទំនៀម​នេះ​ បង្ហាត់​មនុស្ស​ឲ្យ​ចេះ​លាក់​តម្រិះ​ពោល​គឺ​មិន​បង្រៀន​អ្នក​ដទៃ​ឲ្យ​អស់​ពី ​ក្នុង​ខ្លួន​នោះ​ទេ។ មាន​ដំណាល​មក​ថា​ កាល​ពី​បូរាណកាល​ដ៏​យូរ​លង់​ណាស់​មក​ហើយ​
ឆ្មា គឺ​ជា​គ្រូ​របស់​ខ្លា។ ឆ្មា​ បាន​បង្រៀន​ខ្លា​ឲ្យ​ចេះ​គ្រប់​វិជ្ជា។ ថ្ងៃ​មួយ​ខ្លា​បែ​រ​ជា​មាន​បំណង​ចង់​សម្លាប់​ឆ្មា​ចោល​ ប៉ុន្តែ​បំណង​នេះ​មិន​បាន​សម្រេច​ដោយសារ​ឆ្មា​រត់​ឡើងលើ​ដើម​ឈើ​បាត់​ ហើយ​ខ្លា​មិន​ចេះ​ឡើង​ដើម​ឈើ​ដូច​ឆ្មា។ ស្នៀត​ឡើង​ដើម​ឈើ​នេះ​ជា​ស្នៀត​មួយ​ដែល​ឆ្មា​លាក់​ទុក​ការពារ​ខ្លួន​។ ឆ្មា​មិន​បាន​បង្ហាត់​ខ្លា​អំពី​អាថ៌កំបាំ​ង​ដែល​ធ្វើ​ឲ្យ​ឆ្មា​ឡើង​ដើម​ឈើ​ បាន​ទេ​។ អាថ៌កំបាំង​នោះ​​គឺ​ ជុះ​អាចម៍​កាយ​កប់​ (​ឆ្មា​តែង​តែ​ធ្វើ​ដូច្នេះ​ជា​ប្រចាំ​)។

មាន​រឿង​មួយ​ទៀត​ដែរ​ដែល​គេ​តែង​និយាយ​តៗ​គ្នា​អំពី​ពាក្យ​ទំនៀម​ទុក​មួយ​ ស្នៀត​ការពារ​ខ្លួន​នេះ​។ រឿង​នោះ​គឺទាក់​ទង​នឹង​ ​គ្រូ​បង្ហាត់​វិជ្ជា​គុន​ដល់​សិស្ស​។ ពេល​សិស្ស​រៀន​ចប់​វិជ្ជា​គុន​ពីគ្រូ​រួច​រាល់​ហើយ​ តែង​ដើរ​ស្វែង​រក​គូ​ប្រកួត​។ សិស្ស​តែង​ឈ្នះ​គ្រប់​ការ​ប្រកួ​តទាំង​អស់​។ លុះ​យូរ​ៗ​ទៅ​អស់​មាន​គូ​ប្រកួត​ណា​ហ៊ាន​ប្រកួត​ជាមួយ​ទៀត​។ ចុង​ក្រោយ​សិស្ស​សម្រេច​ចិត្ត​សុំ​ប្រកួត​ជាមួយ​គ្រូ​ឯង​។ ការ​ប្រកួត​នេះ​សិស្ស​ជា​អ្នក​ឈ្នះ​ ចំណែក​ឯគ្រូ​ក៏​បាត់​បង់​ជីវិត​ក្នុង​ដៃ​សិស្ស។ ដោយសារ​តែ​ហេតុ​នេះ​ហើយ​ទើប​ក្រោយ​ៗ​មក​ទៀត​ គ្រូ​គុន​ផ្សេង​ៗ​តែង​តែ​ទុក​មួយ​ស្នៀត​ការពារ​ខ្លួន។

រឿង​ទាំង​ពីរ​ខាង​លើ​ស្តាប់​ទៅ​ដូច​ជា​សម​ហេតុ​ផល​ណាស់​ ថា​ការ​លាក់​តម្រិះ​គឺ​ជា​រឿង​ដ៏​ត្រឹម​ត្រូវ​។ ប៉ុន្តែ​ ទុក​មួយ​ស្នៀត​ការពារ​ខ្លួន​ពុំមែន​សុទ្ធ​តែ​ផ្តល់​ផល​ល្អ​នោះ​ទេ​។ សូម​ពិចារណា​រឿង​ខាង​ក្រោម៖

មាន​រឿង​មួយ​ដំណាល​តៗ​គ្នា​អំពី​ក្បាច់​គុន​ទ្វា​ប្រាំ​បី​របស់​ខ្មែរ​។ ក្បាច់​គុន​នេះ​ជា​ក្បាច់​គុន​កំពូល​ ហើយ​កម្រ​មាន​អ្នក​ចេះ​ណាស់​។ ចំណែក​ឯ​ការបង្ហាត់​សិស្ស​គុន​ក៏​កម្រ​ដែរ។ ដោយសារតែ​ពាក្យ​ទំនៀម​ ទុក​មួយ​ស្នៀត​ការពារ​ខ្លួ​ន គ្រូ​គុន​តែង​​ទុក​មួយ​ស្នៀត​ការពារ​ខ្លួន​ជានិច្ច​ ពោល​គឺ​ ក្បាច់​គុន​ទ្វា​ប្រាំបី​ បង្ហាត់តែ​ត្រឹម​ទ្វា​ប្រាំ​ពីរ។ ពេល​គ្រូ​ធំ​ស្លាប់​ទៅ​ សិស្ស​គុន​ដែល​ចេះ​ទ្វា​ប្រាំ​ពីរ​ ក៏​បង្ហាត់​សិស្ស​បន្ត​ទៀត​ ដោយ​ទុក​មួយ​ស្នៀត​ការពារ​ខ្លួន​ គឺ​បង្ហាត់​ត្រឹម​តែ​ទ្វា​ប្រាំ​មួយ​។ គ្រូ​ទ្វា​ប្រាំ​មួយ​ទទួល​សិស្ស​បង្ហាត់​ត្រឹម​តែ​ទ្វា​ប្រាំ​។ គ្រូ​ទ្វា​ប្រាំ​ទទួល​សិស្ស​បង្ហាត់​ត្រឹម​តែ​ទ្វា​បួន​។ គ្រូ​ទ្វា​បួន​បង្ហាត់​សិស្ស​ត្រឹមតែ​ទ្វា​បី។ គ្រូ​ទ្វាបីប​ង្ហាត់សិស្ស​ត្រឹម​តែ​ទ្វា​ពីរ​។ គ្រូ​ទ្វា​ពីរ​បង្ហាត់​សិស្ស​ត្រឹមតែ​ទ្វា​មួយ។ គ្រូ​ទ្វា​មួយ​លែង​ទទួល​បង្ហាត់​សិស្ស គឺ​ទុក​ស្នៀត​នេះ​គ្រាន់​ការពារ​ខ្លួន។ និយាយ​ជាសរុប​ ក្បួន​ខ្នាត​ តម្រិះ​វិជ្ជា​ ។ល។ បាន​រលាយ​បាត់​ទៅ​តាម​គ្រូ​ដើម​ ដោយសារ​ ​ទុក​មួយ​ស្នៀត​ការពារ​ខ្លួន។

រឿង​ខាង​លើ​ទោះ​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ ក៏​ជា​គតិ​ពិចារណា​សម្រាប់​​កូន​ខ្មែ​គ្រប់​រូប តើ​ទុក​មួយ​ស្នៀតការពារ​ខ្លួន​ ផ្តល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​សង្គម​ជាតិ។ តើ​គួរ​​​ចែក​រំលែក​ចំណេះ​ដឹង​ ឬ​លាក់ចំណេះ​ដឹង​?

By: Bora
Your Visit is Your Help

Reference: salarean 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.