Sunday, February 10, 2013

ជីតា​ខ្ញុំ​អាយុ៧៧ឆ្នាំហើយ ពូ និងបងស្រីខ្ញុំបាន​ធ្វើលិខិត​ឆ្លង​ដែន​អោយ​គាត់​ក្នុង​គោលបំនងអោយគាត់ទៅ​ លេងស្រុកកំណើតគាត់នៅចិន។ តែជាអកុសល លិខិតឆ្លងដែន​ត្រូវប្រើសំរាប់មើលជំងឺនៅវៀតណាមទៅវិញ។ គាត់បានធ្លាក់ខ្លួនឈឺ​នៅខែប្រាំពីរ គ្រួសារខ្ញុំបានបញ្ជូន​គាត់​នៅព្យាបាល​នៅ​មន្ទីរពេទ្យ ហ័ងមីន ជាមន្ទីរពេទ្យ​ឯកជនមួយ។ ដំបូង គ្រូពេទ្យនៅទីនោះប្រាប់ថាទឹកចូលសួតគាត់ ហើយគាត់កើតជំងឺរបេង។ បន្ទាប់មកគេបានប្រើថ្នាំរបេង និងបូមទឹកសួតគាត់។ តែនៅក្នុងហ្វីលដែលថតសួតគាត់ គឺមានដុំមូលខ្មៅពីរដុំ ពូខ្ញុំបានសួរទៅគ្រូពេទ្យថាជាដុំអ្វី? គ្រូពេទ្យបាន​ប្រាប់ថា វាគ្រាន់តែដុំរលាកបន្តិចបន្តួច។ នៅពេលដែលគាត់ត្រលប់មកផ្ទះវិញ យើងតែង​នាំគាត់ទៅពិនិត្យជំងឺរាល់១ខែម្តង អស់រយៈពេល២ខែ ជំងឺគាត់ក៍ចាប់ផ្តើចធ្ងន់ធ្ងរនៅខែតុលា រួចពូខ្ញុំក៍បញ្ជូនគាត់​នៅវៀតណាមវិញភ្លាមៗដែរ។ គ្រូពេទ្យថាគាត់មានដុំមួយខ្មៅនៅជិតក្រលៀនគាត់ ដែលបណ្តាលអោយគាត់មានសភាពធ្ងន់បែបនេះ ហើយប្រាប់ថាគាត់ត្រូវ​ការ​ការវះកាត់​ជាបន្ទាន់។ តែគ្រូពេទ្យនៅទីនោះបែរជាថា គាត់ចង់ប្រើថ្នាំដើម្បីរំលាយ​ដុំនោះ ព្រោះពេលនោះសភាពជីតាខ្ញុំខ្សោយមិនអាច​វះកាត់បានទេ។ ១អាទិត្យក្រោយមក​ ថ្នាំនោះគ្មានប្រសិទ្ធភាព គ្រូពេទ្យគាត់ប្រាប់ថាត្រូវ​បញ្ជូនគាត់​នៅមន្ទីរពេទ្យចារីវះកាត់ជាបន្ទាន់។ នៅទីនោះគេបានបញ្ជូនគាត់ទៅនៅជាន់ទី៩ ទាំងគ្មានគ្រូពេទ្យមកពិនិត្យ។ គ្រូពេទ្យប្រាប់ថាត្រូវការយកខួរឆ្អឹងខ្នង ដើម្បីទៅពិនិត្យ​ខ្លាចមានរបេងខួរក្បាល ពូខ្ញុំសួរថា តើបើកើតជំងឺរបេងខួរក្បាលមែន តែលោកអាចព្យាបាលបានអត់? គ្រូពេទ្យថាមិនបានទេ ហើយការវះកាត់ក្រលៀនត្រូវទៅបញ្ជូនទៅបន្ទីរពេទ្យសួតមួយទៀត។ ពេលនោះពូខ្ញុំបានបដិសេធបូមខួរឆ្អឹងខ្នង រួចចង់បញ្ជូនគាត់ទៅមន្ទីរពេទ្យសួតតែម្តង។ តែអ្វីតែវេទនានោះ គឺមន្ទីរនោះមិនព្រម​បើកទ្វារជណ្តើរយន្តអោយចុះសោះ។ ៣ម៉ោងក្រោយមក ស្រាប់តែមាន​អ្នកជំងឺត្រូវឡើង​មក​ជាន់​ទី៩ដែរ រួចពូខ្ញុំក៍សូកលុយអោយបញ្ជូនគាត់​មកដីវិញ។ ពេលទៅដល់មន្ទីរពេទ្យនោះ ពូខ្ញុំបានហុចឯកសារពិនិត្យជំងឺនៅវៀតណាមអោយគ្រូពេទ្យមើល គ្រូពេទ្យសឹង​តែមិនជឿថា​គ្រូពេទ្យវៀតណាមជាអ្នកមើល គេថានេះជាឯកសារយើងពិនិត្យនៅ​ខ្មែរ។ ការពិត ដុំខ្មៅនោះជាដុំម្យ៉ាងអាចវិវត្តន៍ទៅជាជំងឺមហារីក ហើយសួតជីតា​ខ្ញុំត្រូវ​បានទឹកចូលទាំងពីរដែលខុសពីកាលមុនចូលតែមួយចំហៀង។ គ្រូពេទ្យនោះ ថាទៀតថា ឯក្រលៀនគាត់គឺគ្មានបញ្ហាទេ មិនបាច់ត្រូវការវះកាត់ទេ ហើយគាត់​ក៍គ្មាន​ជំងឺរបេងដែរ។ គ្រូពេទ្យនោះ បា្រប់ថាគាត់នឹងខំព្យាបាលជំងឺនេះក្រោម២០ថ្ងៃ។ តែជាអកុសលលទ្ធផលចុងក្រោយ ដុំនោះបានរីកធំ កា្លយជាដុំមហារីកស៊ីសួតគាត់។ គ្រូពេទ្យថា បើយកអោយគាត់តាំងពីដំបូង គាត់នឹងអាចយកដុំពីរនោះចេញបានជាមិនខាន។ ដោយអស់ង្ឃឹយ ពួកយើងបាន​បញ្ជូនគាត់មកផ្ទះវិញនៅចំថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីលោកគ្រូពេទ្យបា្រប់ថា គាត់​អាចរស់​នៅបានត្រឹមតែ៣ថ្ងៃទៀតទេ។ គាត់បានទទួលអនិច្ចកម្មនៅថ្ងៃទី១៣ ខែវិច្ឆិកា។
ខ្ញុំសែនឆ្ងល់ដល់ហើយ ហេតុអ្វីបានជាគ្រូពេទ្យនៅមន្ទីរហ័ងមីនធ្វើដូច្នេះ? ដំបូង​ធានា​ព្យាលបាលជា រហូតដល់ជំងឺធ្ងន់ធ្ងរ បែរជាព្យាយាមរកវិធីបញ្ជូនអ្នកជំងឺចេញទៅមន្ទីរពេទ្យផ្សេង ដោយគ្មានការ​ទទួលខុសត្រូវក្នុងខ្លួន។ តើមនសិការធ្វើជាគ្រូពេទ្យនៅទីណា? ខ្ញុំពិតជាខ្លាចណាស់ ខ្លាចចិត្តមនុស្សណាស់ ហេតុអ្វីពិភពលោកនេះខ្មៅងងឹតម្លេះ! សង្ឃឹមថាបងប្អូន​ កុំអោយចាញ់បោកពេទ្យដូចគ្រួសារខ្ញុំទៀត!
ការសោកស្តាយនេះ ខ្ញុំបានសន្យាចំពោះមុខសាកសពគាត់ថា​ ខ្ញុំនឹងខំរៀនវិជ្ជាពេទ្យនេះ ហើយធ្វើអោយអ្នកដែលធ្វើចំពោះគាត់ ទទួលនូវអ្វីគ្រប់យ៉ាង​ដែលគេបានធ្វើ! កុង! សូមអោយកុងទៅអោយបានសុខ កុំបារម្មណ៍នឹងគ្រួសារនេះ ហើយខ្ញុំនឹង ធ្វើអោយ​គ្រួសារនេះរុងរឿង មានបាន មិនអោយអ្នកណាមើលងាយដូចថ្ងៃនេះទេ ហើយខ្ញុំនឹងធ្វើអោយមនុស្សមួយចំនួនដែលធ្វើចំពោះគ្រួសារយើងថ្ងៃនេះ អោយគេ​សោកស្តាយនូវទង្វើរបស់គេគ្រប់បែបយ៉ាង! ខ្ញុំសន្យាក្នុងនាមជាចៅសំឡាញ់ម្នាក់ និងកូនប្រុសម្នាក់!

ដោយ៖ khmerpanda

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.